សមាគមជប៉ុន កម្ពុជា ( JCA ) បានឧបត្ថម្ភរថយន្តពន្លត់អគ្គិភ័យជណ្តើរវែងចំនួន០១គ្រឿង ជូនដល់រដ្ឋបាលខេត្តព្រះសីហនុ ក្នុងគោល បំណងរឹតចំណងមិត្តភាពកម្ពុជា- ជប៉ុន ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ជាពិសេសជួយអន្តរាគមន៍ សង្គ្រោះ ទប់ស្កាត់គ្រោះអគ្គិភ័យឱ្យបានទាន់ពេលវេលា ។
ពិធីប្រគល់-ទទួលរថយន្តពន្លត់អគ្គិភ័យចំនួន០១គ្រឿងនេះធ្វើឡើងកាលពីល្ងាចថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្ដម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ឯកឧត្តម FUMIAKI TAKAHASHI អតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងជាប្រធានសមាគមជប៉ុន កម្ពុជា និងមានការអញ្ជើញចូលរួមផងដែរពីលោក Keisuke OYa ប្រធានក្រុមហ៊ុន HIKARI Co.,LTD លោក Kato Kazunori ប្រធានក្រុមហ៊ុន IL BRILLE ម្ចាស់គម្រោង«សរសៃសូត្រមាសខ្មែរ», និងសហការី , លោក ឡុង ឌីម៉ង អភិបាលរងខេត្តព្រះសីហនុ លោក ហ៊ួត ហ៊ុយ នាយករដ្ឋបាលសាលា ខេត្ត ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត លោក សរ កក្កដា អភិបាលនៃគណៈអភិបាល ក្រុងព្រះសីហនុ លោក ប្រាក់ វិសាល នាយកទីចាត់ការទំនាក់ទំនងសាធារណៈនិងសហប្រតិបត្តិការអន្តរជាតិសាលាខេត្ត លោកស្រី នួន សុភាព ទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត នៅអគារការិយាល័យនគរបាលចរា ចរណ៍ផ្លូវគោកខេត្តព្រះសីហនុ ។
ឯកឧត្តម FUMIAKI TAKAHASHI បានលើកឡើងអំពីអត្ថប្រយោជន៍ និងរបៀបប្រើប្រាស់ និងបានលើកឡើងថា ការឧបត្ថម្ភរថយន្តពន្លត់អគ្គិភ័យដ៏មានសារសំខាន់នេះ គឺដើម្បីប្រើប្រាស់ជួយសង្រ្គោះអគ្គិភ័យឱ្យកាន់តែមានប្រសិទ្ធភាព នៅគ្រាដែលបញ្ហាអគ្គីភ័យនៅក្នុងខេត្តព្រះសីហនុ មានភាពប្រឈមកើតឡើង ដែលបង្កខូចខាតទ្រព្យសម្បត្តិនិងអាយុជីវិតមនុស្ស ។
ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ ឯកឧត្តម FUMIAKI TAKAHASHI និងគណៈប្រតិភូសមាគមជប៉ុន-កម្ពុជា ដែលបានអញ្ជើញមកដល់ខេត្តព្រះសីហនុ និងសូមថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅដល់សមាគម និងក្រុមហ៊ុន ដែលបានឧបត្ថម្ភ នូវរថយន្តពន្លត់អគ្គិភ័យជណ្តើរវែងចំនួន០១គ្រឿង ដល់រដ្ឋបាលខេត្តព្រះសីហនុ នាឱកាសនេះ ។
ឯកឧត្តមអភិបាលខេត្ត បានលើក ឡើងថា បន្ទាប់ពីរថយន្តពន្លត់អគ្គិភ័យនេះបានប្រគល់ជូនរដ្ឋបាលខេត្តព្រះសីហនុរួចរាល់ រដ្ឋបាលខេត្តនឹងប្រគល់ជូនទៅស្នងការនគរបាលខេត្តព្រះសីហនុ ដើម្បីបម្រើលើការងារបង្ការពន្លត់និងសង្រ្គោះអគ្គីភ័យឱ្យកាន់តែមាន ប្រសិទ្ធភាព និងសម្រាប់ជួយទៅ ដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានពេលជួបគ្រោះថ្នាក់ដោយអគ្គិភ័យ ។
ជាងនេះទៅទៀត ឯកឧត្តម បានផ្ដាំផ្ញើដល់កងកម្លាំងប្រដាប់អាវុធនិងមន្ត្រីសណ្តាប់ធ្នាប់ សង្គ្រោះ និងពន្លត់អគ្គិភ័យរបស់ខេត្ត ត្រូវបន្តការយកចិត្តទុកដាក់គ្រប់គ្រងសភាព ការណ៍ និងធ្វើការឆ្លើយតបជាបន្ទាន់ ចំពោះគ្រោះអគ្គិភ័យទាំងឡាយដែលកើតឡើង។ កងកម្លាំងត្រូវតែចេះគ្រប់គ្រងស្ថានការណ៍ ក្នុងអំឡុងពេលអគ្គិភ័យ កើតឡើង ទន្ទឹមនឹងនោះ កងកម្លាំងក៏ត្រូវធ្វើការហ្វឹកហ្វឺនកម្លាំងបង្ការជាប្រចាំផងដែរ ដើម្បីពង្រឹងសមត្ថភាពនិងស្មារតីគ្រប់គ្រាន់ ក្នុងការឆ្លើយតបនូវគ្រោះអគ្គិភ័យ និងគ្រោះមហន្តរាយនានាដែលកើតឡើង ៕







No comments:
Post a Comment