(ត្បូងឃ្មុំ): កសិករប្រមាណ៧០គ្រួសារ ក្នុងភូមិអំពិលជ្រុំ ឃុំទន្លេបិទ ស្រុក/ខេត្តត្បូងឃ្មុំ បានចិញ្ចឹមមេគោយកកូនលក់ លក់គោសាច់ ទទួលបានផលល្អ បន្ទាប់ពីមុខរបរធ្វើស្រែ ចំការនោះ ។ ការចិញ្ចឹមគោប្រកបដោយបទដ្ឋានបច្ចេកទេស ដោយមានការគាំពារពីមន្ទីរកសិកម្មខេត្ត ក្រសួងកសិកម្ម ទាំងការថែទាំ ការចាក់វ៉ាក់សាំង ការចាក់ថ្មាំបំប៉ន ការប្រើពូជស្មៅ ការលាយចំណីឲ្យវាស៉ីបានគ្រប់គ្រាន់ ជាលទ្ធផលកសិករទទួលបានជោគជ័យ ។ ព្រោះគោមានទីផ្សារស្រួលលក់ ពិសេសគឺទីផ្សារក្នុងស្រុកតែម្តង ដោយមានការនិយមហូបសាច់គោពីបងប្អូនប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋានផងដែរ បើប្រៀបធៀបឆ្នាំទៅ គោឆ្នាំនេះចិញ្ចឹមបានផលល្អជាងឆ្នាំទៅ តែតម្លៃធ្លាក់ទាបជាងឆ្នាំទៅបន្តិច ។
លោក ធឿន ប៊ុនធីម អាយុ៤៣ឆ្នាំ រស់នៅភូមិអំពិលជ្រុំ ឃុំទន្លេបិទ ស្រុក/ខេត្តត្បូងឃ្មុំ បានរៀបរាប់ឲ្យដឹងថា គាត់ចិញ្ចឹមគោរយៈពេល២៦ឆ្នាំមកហើយ បច្ចុប្បន្នគោគាត់មានចំនួន៤០ក្បាល ក្នុងនោះមាន មេបាចំនួន៤ក្បាល ឈ្មោលបាចំនួន២ក្បាលដែរ ក្រៅពីនោះ សុទ្ធតែគោឈ្មោលស្ទាវចំនួន៣៤ក្បាលសម្រាប់លក់ ។ ក្នុងមួយថ្ងៃយើងឲ្យវាស៉ី២ដង ព្រឹក ល្ងាច ស្មៅលាយចំណី មានស្មៅផ្អប់ កាកប៊ីយ៉ែ ចំណីបេ លាយបញ្ចូលគ្នា ។ មុនឲ្យវាស៉ីយើងត្រូវបាញ់ទឹកខ្លួនវាឲ្យត្រជាក់ ឲ្យស្អាតសិន ទើបវាស៉ីចំណីបានច្រើន ។ យើងចិញ្ចឹមតែរយៈពេល៣ខែទេ អាចលក់បានហើយ គឺលក់ឲ្យទីផ្សារកុងស៉ីក្នុងស្រុកតែម្តង ។
លោក ប៊ុនធីម បានបញ្ជាក់ទៀតថា ការចិញ្ចឹមបានជោគជ័យទៀតសោត គឺដោយមានការយកចិត្តទុកដាក់ពីមន្ទីរកសិកម្មខេត្ត នាយកដ្ឋានក្រសួងកសិកម្ម ចុះមកបណ្តុះបណ្តាលដល់គ្រោលចិញ្ចឹមផ្ទាល់ ដោយផ្តល់បច្ចេកទេស ការថែទាំ បាញ់ថ្មាំសម្លាប់មេរោគ ផ្តល់វ៉ាក់សាំងចាក់ មានវ៉ាក់សាំងចាក់ទម្លាក់សត្វល្អិត វ៉ាក់សាំងសារទឹក វ៉ាក់សាំងអុតក្តាម ជាដើម ថែមទាំងបានផ្តល់ពូជស្មៅអូស្ត្រាលី ៣ប្រភេទ រួមមាន.ស្មៅស៉ីមួង ,ណេពា និងស្មៅ ឃីងការ៉ាស់ ។ ស្មៅនេះ ងាយដាំ ងាយស្រួលច្រូតកាត់ មានគុណភាពល្អ គោស៉ីឆាប់ធំលឿន មិនរាគរុស គោមានសុខភាពល្អ ។ ឃើញថា ជំនាញមានការយកចិត្តទុកដាក់ដល់កសិករចិញ្ចឹមសត្វមែនទែនដើម្បីឲ្យបំផុសវិស័យចិញ្ចឹមគោមានការរីកចំរើនក្នុងទូទាំងប្រទេស ។
លោក ប៊ុនធីម បានបញ្ជាក់ទៀតថា បច្ចុប្បន្នទីផ្សារល្អស្រួលលក់ តែតម្លៃធ្លាក់ចុះជាងឆ្នាំទៅបន្តិច ដោយទីផ្សារគោមានគោនាំចូលមកពីប្រទេសភូមាវាយលុកចូលលក់ក្នុងទីផ្សារស្រុកយើង ។ ហើយក្នុងមួយខែយើងលក់គោបានពីចំនួន១៥ទៅ២០ក្បាល ដោយបានចំណូលពី៤លានទៅ៥លានរៀលផងដែរ ។ ទោះបីយ៉ាងណាកសិករត្រូវតែបន្តចិញ្ចឹមគោព្រោះទីផ្សារគោស្រួលលក់ ដោយបងប្អូនប្រជាពលរដ្ឋយើងគាំទ្រ និយមហូបសាច់គោណាស់ ។
ដូចគ្នានេះដែរ លោក ប៊ុនធីម ក៏បានបញ្ជាក់ឲ្យដឹងទៀតថា ក្នុងភូមិអំពិលជ្រុំនេះ មានកសិករចិញ្ចឹមគោមិនក្រោម៧០គ្រួសារនោះទេ ដោយយោងទៅតាមលទ្ធភាពនៃគ្រួសារនិមួយៗ កសិករខ្លះប្រវាស់គេយកកូន កសិករខ្លះគោខ្លួនឯង ដោយមានចាប់ពី៣ក្បាលរហូតដល់៨ក្បាល តែពួកគាត់ចិញ្ចឹមគោឲ្យវាស៉ីស្មៅតាមរបៀបធម្មជាតិ ៕





សាន វិឡែម សម្រួលផ្សាយដោយ៖ដារ៉ា
No comments:
Post a Comment