(ខេត្តកណ្ដាល)៖ ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ បានប្រារព្ធពិធីទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា ខួបលើកទី១១២ ក្រោមប្រធានបទ «សមភាពយេនឌ័រ ថ្ងៃនេះដើម្បីមានចីរភាពនាពេលអនាគត» ក្រោមវត្តមានលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត និងលោកស្រី រ៉េត ផល្លីដា ជាឧត្តមភរិយា និងស្នងការរងទាំងអស់ ព្រមទាំងស្ត្រីជានគរបាល សរុបជាង២០០នាក់ផងដែរ។
ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានសម្ដែងការកោតសរសើរ លើកទឹកចិត្ត និងអរគុណចំពោះវីរភាពរបស់កងកម្លាំង ជាពិសេសកងកម្លាំងនារីទាំងអស់ ដែលបានលះបង់ធ្វើពលីកម្មគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិ មាតុភូមិ ប្រកបដោយ ឆន្ទៈ មនសិការ បន្តដិតជាប់ក្នុងស្មារតីនៃកងកម្លាំងនគរបាលនារីជារៀងរហូត។
លោកឧត្តមសេនីយ៍ទោស្នងការ បានលើកឡើងទៀតថា កងកម្លាំងនគរបាលនារីខេត្តកណ្ដាល បានចូលរួមយ៉ាងសកម្ម ក្នុងការខិតខំថែរក្សាសន្តិសុខ សុវត្ថិភាព និងរៀបចំសណ្តាប់ធ្នាប់សាធារណៈជូន ប្រជាពលរដ្ឋក្នុងមូលដ្ឋានយ៉ាងល្អប្រសើរ ជាមួយនឹងការទទួលបានការកោតសរសើរពីសំណាក់មហាជនគ្រប់ទិសទីផងដែរ។
លោកបន្តថា «ស្ត្រីមានតួនាទីផ្តល់កំណើតដល់យើងគ្រប់ៗគ្នា។ ពិសេសមិនត្រឹមតែបំពេញការងារស្នូលប៉ុណ្ណោះទេ ការងារលំបាកទៀតនោះគឺការងារផ្ទះ កុំថាការងារផ្ទះនេះស្រួលឲ្យសោះណា គឺលំបាកណាស់ រវីរវល់ វីរវក់ពេញផ្ទះ ណាមួយបាយម្ហូបប្ដីកូន ស្លៀកពាក់កូនៗ ជូនកូនទៅរៀន ការងារផ្ទះសព្វគ្រប់បែបយ៉ាង នេះជាកាដែលគួរឲ្យកោតសរសើរបំផុតចំពោះការលះបង់របស់ឧត្តមភរិយាជានគរបាលគ្រប់រូបដែលបានលះបង់ ទាំងក្នុងកិច្ចការងារជាតិ និងការងារផ្ទាល់ខ្លួន ។
នៅចុងបញ្ចប់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ បាននាំមកនូវការផ្ដាំផ្ញើរសួរសុខទុក្ខពីសំណាក់អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ផងដែរ ដែលលោកតែងតែយកចិត្តទុកដាក់ជានិច្ចចំពោះកងកម្លាំងគ្រប់ៗរូប។ ព្រមជាមួយគ្នានោះ លោកស្នងការក៏បានផ្តល់ជូនបាច់ផ្កាជាអនុស្សាវរីយ៍ដល់កងកម្លាំងនគរបាលនារី និងថវិកាមួយចំនួនផងដែរ ដែលជាការចូលរួមចំនែកលើកកម្ពស់ និងផ្ដល់តម្លៃដល់ស្ត្រីជានគរបាលជាតិ ហើយក៍មានគម្រោងសម្របសម្រួលក្នុងការតម្លើងមុខតំណែងដល់ស្ត្រីជានគរបាលដែលមានស្នាដៃនិងមានសមត្ថភាពផងដែរ៕
No comments:
Post a Comment